​​ សត្វទាំងឡាយ មានកម្មជារបស់ខ្លួន ធ្វើល្អតែង ទទួលផលជាសុខ ធ្វើអាក្រក់តែងទទួលផលជាទុក្ខ ។

បណាមគាថា


                 ប្រែជាឋពាក្យកាព្យ    
អរហន្តតថាគត                 ជ្រាបគ្រប់បទស្វែងគុណធំ
ទ្រង់ជាលោកុត្តម               ច្បាងជាងសព្វគ្រូលើសលន់។
ជាសាស្តានៃលោក             ចេះឥតស្ទោកទូន្មានជន
ខ្ញុំវន្ទាបន្ទន់                       ទ្រង់ដែលជនគួរបូជា ។
ព្រះធម៌នៃសាស្តា              ឧបមាដូចពន្លឺ
តែងធ្វើលោកឲ្យភ្លឺ             ចាកងងឹតឲ្យសូន្យផុត ។
ដែលប្រាជ្ញសម្គាល់អាង      ថាតំណាងសព្វញ្ញុពុទ្ធ
ខ្ញុំវន្ទាលំអុត                      ធម៌នោះសុទ្ធជនបូជា         ។
សាវ័កព្រះសុគត               ស្អាតហ្មត់ចត់វិសេសថ្លា
បា្រថ្នាត្រៃសិក្ខា                  លោកសិក្សាធម៌ឧត្តម  
ជាសង្ឃថ្នាក់ខាងលើ           មិនអើពើលោកធម្ម
ខ្ញុំវន្ទាប្រណម្យ                   សង្ឃឧត្តមជនបូជា។
ដោយអំណាចវន្ទា             ត្រៃរតនាជាអម្ចាស់
សូមឲ្យពុទ្ធសាសន៍             លូតលាស់ក្រាស់ចម្រើនផង។
សូមឲ្យសង្ឃព្រមព្រៀង      កុំឲ្យល្អៀងខុសគន្លង
សូមសាធុជនផង               កុំមានហ្មងបានសុខសាន្ត ។
ដោយតេជៈត្រៃរ័តន៍           ខ្ញុំប្រណិប័តន៍ដោយគោរព
សូមឲ្យការរៀនគ្រប់           ​របស់ខ្ញុំបានវឌ្ឍនា  
ដោយអំណាចអានុភាព      ដែលខ្ញុំក្រាបថ្វាយវន្ទា
សូមឲ្យការសិក្សា                 របស់ខ្ញុំសម្រេចឆាប់  
ដោយអំណាចត្រៃរ័តន៍         មានពុទ្ធរ័តន៍ជាប្រធាន
ប្រសិនបើកើតមាន              អន្តរធានចង្រៃរោគ  
សូមឲ្យវិនាសខ្ពោក              កុំសល់រោគតិចតួចឡើយ ៕